នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំដោយជោគជ័យនូវសិក្ខាសាលា ស្ដីពីព្រឹត្តិការណ៍សុខភាពផ្លូវចិត្ត ក្រោមប្រធានបទ “ការយល់ដឹងអំពីសុខភាពផ្លូវចិត្ត និងការសិក្សា MentalHigh” ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង MentalHigh ក្រោមការឧបត្ថម្ភគាំទ្រពីកម្មវិធី Erasmus+ របស់សហភាពអឺរ៉ុប សម្រាប់ដំណាក់កាលឆ្នាំ២០២៣-២០២៦។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២២រូប មកពីដេប៉ាតឺម៉ង់ចិត្តវិទ្យា។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្កើនការយល់ដឹងរបស់អ្នកចូលរួមអំពីសុខភាពផ្លូវចិត្ត និងរបៀបនៃការប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) ដែលមានឈ្មោះថា “MentalHigh Shining Mind”។
នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា លោកសាស្ត្រាចារ្យរង បណ្ឌិត ខាន់ សារ៉េត ដែលជាអ្នកសម្របសម្រួលគម្រោង MentalHigh នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសង្កត់ធ្ងន់ថា៖ សុខភាពផ្លូវចិត្តដើរតួនាទីយ៉ាងសំខាន់ចំពោះជោគជ័យនៃការសិក្សា ទំនាក់ទំនងសង្គម និងសុខុមាលភាពទូទៅរបស់និស្សិត។ តាមរយៈគម្រោង MentalHigh យើងមានគោលបំណងលើកកម្ពស់សុខភាពផ្លូវចិត្តរបស់និស្សិត ព្រោះសុខភាពផ្លូវចិត្តមិនមែនត្រឹមតែជាបញ្ហានៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រឹះនៃជីវិត។ នៅពេលដែលនិស្សិតមានអារម្មណ៍ថាត្រូវបានគេយល់ចិត្ត និងទទួលបានការគាំទ្រ ពួកគេនឹងរៀនសូត្របានកាន់តែប្រសើរ កសាងទំនាក់ទំនងបានកាន់តែរឹងមាំ និងចូលរួមចំណែកដោយភាពជឿជាក់ក្នុងសហគមន៍ ក៏ដូចជាសម្រាប់ជាតិមាតុភូមិទាំងមូល។

លោកសាស្ត្រាចារ្យរង បណ្ឌិត ខាន់ សារ៉េត សាស្ត្រាចារ្យដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងអំពីគោលបំណងនៃគម្រោង MentalHigh ថា៖ ការគាំទ្រសុខភាពផ្លូវចិត្តរបស់និស្សិត មិនមែនត្រឹមតែជាការដោះស្រាយនៅពេលមានវិបត្តិនោះទេ ប៉ុន្តែវាគឺជាការបង្កើតបរិយាកាសមួយដែលធ្វើឱ្យនិស្សិតមានអារម្មណ៍ថាមានសុវត្ថិភាព ទទួលបានការគាំទ្រ និងអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងបានយ៉ាងពេញលេញ។ យើងមានបំណងរួមចំណែកបង្កើតឱ្យមាន “សាកលវិទ្យាល័យដែលផ្ដោតលើសុខភាពផ្លូវចិត្ត” ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម។
លោកសាស្ត្រាចារ្យរង បណ្ឌិត កៅ សុវណ្ណតារា សាស្ត្រាចារ្យដេប៉ាតឺម៉ង់ចិត្តវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញអំពីកម្មវិធីទូរស័ព្ទ “Shining Mind” ដែលជាកម្មវិធីផ្ដល់លទ្ធភាពឱ្យនិស្សិតអាចទទួលបានព័ត៌មានអំពីសុខភាពផ្លូវចិត្តប្រកបដោយសុពលភាព។ ឧបករណ៍សុខភាពផ្លូវចិត្តឌីជីថលទាំងនេះ ផ្ដល់លទ្ធភាពដល់និស្សិតក្នុងការគ្រប់គ្រងសុខុមាលភាពរបស់ពួកគេបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលពួកគេចង់បាន។ យើងបានរចនាកម្មវិធីទូរស័ព្ទ និងវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតនេះឡើង គឺសម្រាប់គោលបំណងជាក់លាក់ដល់និស្សិតនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា។

នៅចុងបញ្ចប់នៃសិក្ខាសាលា វាគ្មិន និងនិស្សិតដែលបានចូលរួមទាំងអស់ បានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍។


